ប្រវត្តិសាស្រ្ត សម្តេចព្រះមហាឃោសានន្ទ ព្រះអរហន្តលាក់មុខនៃកម្ពុជាដែលមនុស្សគ្រប់គ្នាគប្បីស្គាល់ព្រះអង្គ!
សម្តេចព្រះមហាឃោសានន្ទ ព្រះអរហន្តលាក់មុខនៃកម្ពុជា ដែល មនុស្សគ្រប់គ្នាគប្បីស្គាល់ព្រះអង្គ
********************
សម្រែកបាក់ទ័ពរបស់ទាហានរដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនពីខ្មែរក្រហមលាន់ពេញព្រៃ សាកសពច្រើនឥតគណនាត្រូវបាន គេដឹកជញ្ជូនឆ្ពោះទៅ កាន់ ទីរួមខេត្តបាត់ដំបង ទឹកមុខទាហានមានសភាពក្រៀមក្រំ អ្នកខ្លះបានស្រែកពីលើ រថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា« កូណាចាញ់ ខ្មែរក្រហមហើយ»។
ក្បួនធម្មយាត្រាប្រមាណ ២០០០ នាក់បានទៅដល់ចំណុចគីឡូ ៣៨ ក្នុងស្រុក រតនមណ្ឌល នាខេត្តបាត់ដំបង ម៉ោងប្រហែលជាង ១១ ជិតត្រង់ ដែលជាចំណុចប្រយុទ្ឋ ដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិងរដ្ឋាភិបាលចម្រុះរបស់សហនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៩៤ ។
ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយៈ ដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់សមរភូមិឆ្ពោះទៅកាន់តំបន់ប៉ៃលិន នាយទាហានម្នាក់បានមកទូលថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណាឈប់បាញ់បាន តែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។
មនុស្សប្រមាណ ២០០០នាក់ ដោយមានព្រះសង្ឃជិត ១០០០ អង្គ បានឈរត្រៀបត្រានៅតាមបណ្ដោយផ្លូវ រងចាំការសម្រេចព្រះទ័យរបស់សម្ដេច។ នៅក្រោមគ្រាប់ភ្នែកប្រហែល ៤០០០ គ្រាប់របស់អ្នកដង្ហែសម្ដេច យើងឃើញព្រះអង្គនិមន្តឡើងឡានម៉ាកតូយូតាតែមួយអង្គឯងជាមួយអ្នកបើកបរម្នាក់ បើកចូលទៅក្នុងសមរភូមិដែលអមទៅដោយគ្រាប់កាំភ្លើងដូចភ្លៀង។
ការនិមន្តចូលសមរភូមិរបស់ព្រះអង្គ បានអង្រួនដួងចិត្តមនុស្សរាប់ពាន់នាក់ឲ្យឈរយ៉ាងស្ងាត់ស្ងៀម សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី «សន្តិភាព និង អហិង្សា» នៅកម្ពុជា។ ជនបរទេសខ្លះបានលើកដៃរប្រណម្យលាយឡំដោយទឹកភ្នែកហូរសស្រាក់ ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេច និង អ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលឡានដឹកសម្ដេចរំកិលខ្លួនចាកចេញពីពួកគេបន្តិចម្ដងៗ។ ចំណែកទាហា៊នម្នាក់បាននិយាយខ្សាវៗថា« សម្ដេចអាចសុគតក្នុងសមរភូមិ»។
ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លី ជិតមួយម៉ោងកន្លងទៅហើយ នៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀត មនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា«សម្ដេចអាចសុគតឬរបួសហើយ សម្ដេចអាចខ្មែរក្រហមចាប់ហើយ» ។
ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។ សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញ សម្ដេចមកវិញហើយ !!!» មិនដល់ ៥ នាទីផង ឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រាស្ទើរបាត់ស្រមោលឡានមើលមិនឃើញ។
សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាល ព្រមដោយហត្ថាប្រណម្យទាំងទ្វេ តែមិននិយាយសូម្បីតែមួយម៉ាត់ទៅកាន់អ្នកណាម្នាក់ឡើយ ក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយនៅជិតគុម្ពព្រៃហើយគង់យ៉ាងស្រគត់ស្រគំ។ សម្ដេចគង់មិនទាន់បាន ២ នាទីផង សម្លេងឧគ្ឃោសនស័ព្ទបានបន្លឺឡើងថា«សូមអ្នកដើរធម្មយាត្រាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។
ស្រាប់តែពេលនោះមានព្រះសង្ឃ ៤ ឬ ៥ អង្គបានក្រោកឈរឡើងហើយស្រែកថា«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។ សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗ ដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយបន្ទរដដែលៗថា«ស្ម័គ្រស្លាប់បញ្ចប់សង្រ្គាម»។ ពេលនោះ សម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយ ក៏ដឹកនាំក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀត ដោយមិនចាប់អារម្មណ៌ និង អ្នកស្ម័គ្រស្លាប់ឬស្ម័គ្ររស់។
ធម្មទេសនាថ្ងៃនោះ គឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់បំផុតបន្ទាប់ពីធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី ២៥៦០ មុននៅស្ទឹងរូហិនីនៅជម្ពូទ្វីប(ឥណ្ឌា) ព្រោះហេតុដូច្នោះហើយ ខ្ញុំសូមឯកភាពជាមួយព្រះតេជគុណសន្តិធម្មោ (សញ្ជាតិអាមេរិកាំង) ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ» និង លោកធម្មបណ្ឌិត ហេង មណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ» ៕
អត្ថបទ ៖ Yon Seng Yeath
ដកស្រង់ពី»»khmerpali.com
Comments
Post a Comment