លោក ហ៊ុន សែនព្រមានចាប់ សម រង្ស៊ី បើចូលមកតំបន់អាស៊ី

ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញព្រមានចាប់ខ្លួនលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងព្រោះពេលនេះត្រូវចាត់ទុកជាមេភេរវកម្ម ហើយបើសិនជាចូលមកក្នុងប្រទេសណាមួយក្នុងតំបន់អាស៊ីនឹងសុំឲ្យមានកិច្ចសហប្រតិបត្តិការ។
ការព្រមានធ្ងន់ៗរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតជាង ២ ពាន់នាក់ និងសម្ពោធអគារទេពកោសល្យវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ្នកខ្លះ អាអ្នករត់ចោលស្រុកហ្នឹងថា សម្ពាធៗ អញ្ជើញមកសម្ពាធ វាត្រូវក្បាល ហ៊ុន សែន ហើយ។ សម្ពាធតិចប៉ះលើខ្លួនឯង ហើយខ្ញុំសូមផ្តាំកុំមកអាស៊ីឱ្យសោះ សូមកុំមកក្បែរអាស៊ី បើអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងទាល់តែបាន ឥឡូវនេះគេកំពុងប្រកាសខ្លួនជាមេភេរវករហើយ មិនមែនត្រឹមតែជាអង្គការក្រៅច្បាប់ ប៉ុន្តែជាភេរវករតែម្តង ជាអង្គការភេរវកម្មសូមអញ្ជើញចុះជនភេរវករយើងអាចសហប្រតិបត្តិការទៅតាមចាប់ខ្លួននៅទីកន្លែងនេះ ឬទីកន្លែងនោះ»

លោក ហ៊ុន សែន បានថ្លែងបន្តថា៖ «ខ្ញុំគ្រាន់តែប្រាប់ទេ អ្នកឯងគួរតែកុំបង្ខំឱ្យគេវ៉ៃដែកគោលទៅលើក្តារមឈូសរបស់អ្នកឯងថែមទៀត កុំសង្ឃឹមឱ្យសោះបើនៅក្នុងដៃតុលាការវាជារឿងមួយ ប៉ុន្តែបើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវ៉ៃចូលទៅកន្លែងហ្នឹងដែរ គេមិនអាចឱ្យប្រទេសនេះ មានអប្បគមន៍សាជាថ្មីទេ សុំទោស។ ខ្ញុំអត់និយាយទេ ប៉ុន្មានថ្ងៃនេះ ប៉ុន្តែចលនាឯណាសូមអញ្ជើញចុះ អញ្ជើញមកហើយមកខ្លួនឯងគឺល្អបំផុតហើយ។ អត់អីទេ ហ៊ុន សែន បើទោះបីជាមិនកាន់ទ័ពផ្ទាល់ក៏ដោយ ក៏ប៉ុន្តែបញ្ជាកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងក្របខ័ណ្ឌជាអនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ ដូច្នេះអ្នកត្រូវយល់ថាមេទ័ពមួយនេះគឺមិនមែនជាមេទ័ពទន់ជ្រាយទេ»។

សាររបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងក្រោយពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិដែលទើបតែបង្កើតថ្មីហើយមានមូលដ្ឋាននៅឯក្រៅប្រទេសបានប្រកាសឲ្យពលរដ្ឋងើបឡើងតវ៉ា ឬធ្វើបាតុកម្មដោយសន្តិភាព និងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធកុំបាញ់ប្រហារទៅលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលធ្វើបាតុកម្ម។
លោក សម រង្ស៊ី បានប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ៣១ ខែមករាថានឹងបង្កើតតុលាការកាត់ទោសលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការបាត់បង់អំណាចហើយអះអាងថាលោក ហ៊ុន សែន មានទោសឧក្រិដ្ឋជាច្រើនករណីក្នុងអំឡុងពេលដឹកនាំប្រទេស។
លោក សម រង្ស៊ី ថ្លែងថា៖ «ទោសនេះគឺទោសបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិដូច្នេះគឺគាត់មានទោសធ្ងន់ណាស់តាំងពីដើមមកហើយក្រោយថ្មីៗនេះគាត់បានរួមចំណែកក្នុងការគប់គ្រាប់បែកនៅមុខរដ្ឋសភាធ្វើឲ្យប្រជារាស្ត្រស្លាប់យ៉ាងច្រើនគាត់បានធ្វើរដ្ឋប្រហារសម្លាប់មេទ័ពហ៊្វុនស៊ិនប៉ិចរាប់រយនាក់ គាត់បាននៅពីក្រោយឃាតកម្មជាច្រើនដូច្នេះគាត់ច្បាស់ជាភ័យថា នៅពេលគាត់បាត់បង់អំណាចពេលណាគាត់នឹងប្រឈមមុខចំពោះតុលាការឯករាជ្យ… ពេលណាគាត់បាត់បង់អំណាច ប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យយើងនឹងរៀបចំឲ្យមានតុលាការឯករាជ្យដើម្បីកាត់ទោសលោក ហ៊ុន សែន»។
លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងដោយចោទប្រកាន់មកលើលោក ហ៊ុន សែន ថា ជាមនុស្សដែលពោរពេញដោយអំពើហិង្សា និងទោសៈ មិនអាចគ្រប់គ្រងខ្លួនបាននៅពេលដែលមានការគំរាមកំហែង។

លោកស្រី សុខហួរ ថ្លែងថា៖ «ទុកឲ្យសហគមន៍ពិភពលោកកត់ត្រាពាក្យពេចន៍របស់លោក ហ៊ុន សែន។ តើលោក ហ៊ុន សែន អាចនាំកាំជ្រួចចូលទៅនៅក្នុងអាស៊ីបានទេ? ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែស្ថិតនៅក្នុងការប្រុងប្រយ័ត្ន»។
កាលពីចុងខែមករាឆ្នាំ ២០១៨ កន្លងទៅនេះលោក សម រង្ស៊ី បានប្រកាសជាផ្លូវការនៃការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេសដែលចលនានេះ ត្រូវបានលោកអះអាងថាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែង លោក កឹម សុខា និងទាមទារឱ្យគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយនោះអាចចូលរួមក្នុងការបោះឆ្នោតឡើងវិញ។ ក្នុងពិធីប្រកាសជាផ្លូវការនូវចលនានេះលោក សម រង្ស៊ី បានអំពាវនាវឱ្យមានចលនាសង្គ្រោះជាតិនៅក្នុងជួរកងទ័ព និងនៅក្នុងគណបក្សប្រជាជនកម្ពុជា។
ខណៈមន្ត្រីយោធាជាន់ខ្ពស់បានព្រមានកម្ទេចចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយបុគ្គល សម រង្ស៊ី ប្រសិនបើកើតមាននៅកម្ពុជា។


ទន្ទឹមគ្នានេះដែរលោក ហ៊ុន សែន បានរិះគន់ទៅលើអ្នកសរសេររបាយការណ៍ដែលដាក់ស្ថានភាពប្រជាធិបតេយ្យកម្ពុជាក្នុងកម្រិតរបប «ផ្ដាច់ការ» ជាក្រុមដែលលោកថាមានគ្នា ៥ នាក់ដែលចង់សរសេរល្អអាក្រក់ ស្រេចតែលើពួកគេ។ វាចង់សរសេរអាណាអាក្រក់អាហ្នឹងអាក្រក់ហើយ ហើយកាសែតចេះតែយកមកផ្សាយទៅ៕
ប្រភព៖ Phnom Penh Post
Comments
Post a Comment