លោក ហ៊ុន សែន គំរាមបាញ់កាំជ្រួចហ្វូង BM-21 បើលោក សម រង្ស៊ី បង្កើតតំបន់អប្បគមន៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមបាញ់កាំជ្រូចហ្វូង BM-21 កម្ទេចចលនាសង្គ្រោះជាតិផ្ដួចផ្ដើមដោយគូប្រជែងនយោបាយរបស់លោក ប្រសិនបើចលនាថ្មីនេះ ឈានទៅបង្កើតតំបន់អប្បគមន៍ប្រឆាំងនឹងការដឹកនាំរបស់លោកនោះ។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសនោះ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិនៅឯសហរដ្ឋអាមេរិក ដោយថា ដើម្បីបំផុសមហាជនឲ្យប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។
បើទោះបីជាប្រតិកម្មតបដោយមិនលើកចំឈ្មោះលោក សម រង្ស៊ី ក៏ដោយ ប៉ុន្តែ លោក ហ៊ុន សែន បានចាត់ទុកចលនាថ្មីនេះ ជាការបង្កើនសម្ពាធទៅដល់អ្នកគាំទ្រទៅវិញ។
លោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័តដល់និស្សិតនៅរាជធានីភ្នំពេញនាថ្ងៃនេះ ថ្លែងទៀតថា បើចលនានេះឈានទៅបង្កើតតំបន់អប្បគមន៍នោះ លោកព្រមានថា ក្នុងនាមលោកជាអនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិមួយរូបដែរនោះ នឹងបញ្ជាឲ្យបាញ់ BM-21 ដើម្បីកម្ទេចចលនានេះ។
លោកថា៖ «គ្មាននរណាផ្តួល ហ៊ុន សែន បានក្រៅពី ហ៊ុន សែន បានទេ សូមបញ្ជាក់ជូនៗនៅកន្លែងនេះ។ ស្អី អារឿងស្រែកឡូឡាស្អីនៅប៉ុន្មានថ្ងៃនេះ សូមកុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងកុំបង្ខំឲ្យគេវាយដែកគោលទៅក្តាមឈូសរបស់អ្នកឯងបន្តទៀត កុំសង្ឃឹមឲ្យសោះ។ បើនៅក្នុងដៃតុលាការ វាជារឿងមួយ ប៉ុន្តែ បើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្បីតែ BM-21ក៏គេហ៊ានវាយចូលទៅកន្លែងហ្នឹងដែរ។ គេមិនអាចឲ្យប្រទេសនេះមានអប្បគមន៍សារជាថ្មីទេ សុំទោសប្រាប់ឲ្យហើយ ខ្ញុំមិននិយាយទេប៉ុន្មានថ្ងៃនេះ ក៏ប៉ុន្តែ ចលនាស្អីមក អញ្ចើញចុះ ហើយមកខ្លួនឯងល្អបំផុតហើយ»។
លោក ហ៊ុន សែន បានព្រមានបែបនេះ មិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីគូប្រជែងនយោបាយរបស់គឺលោក សម រង្ស៊ី បានប្រកាសជាផ្លូវការនូវការបង្កើតចលនាសង្គ្រោះជាតិ នៅឯសហរដ្ឋអាមេរិក។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អះអាងថា ចលនាថ្មីរបស់លោក នឹងជំរុញពលរដ្ឋឲ្យធ្វើកូដកម្មប្រឆាំងនឹងការរំលាយគណបក្សសង្គ្រោះជាតិ ធ្វើពហិកាការទិញទំនិញអ្វីមួយរបស់អ្នកមានអំណាច ពន្យល់កងកម្លាំងប្រដាប់អាវុធឲ្យឈរខាងប្រជាពលរដ្ឋ និងកុំស្ដាប់បញ្ជាអ្នកមានអំណាច ព្រមទាំងពន្យល់ទៅសហគមន៍អន្តរជាតិឲ្យឈប់ផ្ដល់កម្ចីដល់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។

លោក សម រង្ស៊ី អះអាងទៀតថា ចលនានេះ ក៏នឹងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដែលរំលាយទៅហើយនោះ បានចូលរួមបោះឆ្នោតឡើងវិញ ដោយថា ឈានទៅដណ្តើមជ័យជម្នះផ្តាច់ព្រ័ត្រលើរបបដឹកនាំរបស់លោក ហ៊ុន សែន ផងដែរ។
លោកថា៖ «ឥឡូវ ហ៊ុន សែន ដើម្បីរស់ត្រូវខ្វីលុយគេ។ ខ្ចីពីលោកសេរីផង ហើយខ្ចីពីចិនផង។ ខ្ចីកាន់តែច្រើនឡើងៗ ហើយបើឈប់ខ្ចីពេលណា សេដ្ឋកិច្ចស្រុកខ្មែរនឹងឡុងឆុង ហើយ ហ៊ុន សែន ក៏មិនអាចនៅក្រាញអំណាចបានទៀតទេ។ ដូច្នេះ ចលនាសង្គ្រោះជាតិនេះ ត្រូវតែធ្វើចលនាជាមួយម្ចាស់លុយ ប្រាក់កម្ចីថា កុំឲ្យ ហ៊ុន សែន ខ្ចីលុយទៀត ពីព្រោះ ហ៊ុន សែន អស់ភាពស្របច្បាប់ហើយ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានផ្ដល់ជាមតិថា អ្វីដែលនាំឲ្យប្រទេសជាតិរីកចម្រើន និងផ្តល់ប្រយោជដល់ប្រពលរដ្ឋនោះ លោកថា ការស្វែងរកដំណោះស្រាយឈានទៅធានាការបោះឆ្នោតមួយដោយត្រឹមត្រូវ និងយុត្តិធម៌ ឈរលើស្មារតីបង្រួបបង្រួមជាតិ មិនមែនយកគ្នាធ្វើជាសត្រូវនោះទេ។
លោកថា៖ «អ្វីដែលខ្ញុំសង្ឃឹមនោះ គឺចង់ឃើញដំណើរការប្រកួតប្រជែងនៅកម្ពុជានោះដោយប្រក្រតីភាព មិនចង់ឃើញខ្មែរចាត់ទុកគ្នាជាសត្រូវ ហើយកម្ទេចគ្នាទៅវិញទៅមកនោះទេ»។
ចំណែកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ពន្យល់ដែរថា បើអ្នកនយោបាយខ្មែរនៅតែបន្តឈ្លោះគ្នា លោកថា អ្នកដែលចំណេញពីជម្លោះនេះ គឺប្រទេសជិតខាង មានវៀតណាម និងថៃ ចំណេញទាំងផ្នែកសេដ្ឋកិច្ច ចំណេញទាំងការរំកិលព្រំដែនដូចពីអតីតកាល ដូចដែលប្រវត្តិសាស្ត្របានកត់ត្រាទុក៕
ប្រភព៖ VOD
Comments
Post a Comment