អ្នក​លេង​ហ្វេសប៊ុក​ប្ដឹង​កញ្ញា ធី សុវណ្ណថា ទារ​ ៥០០ លាន​រៀល


ភ្នំពេញៈ អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ពី​ម្សិលមិញ​បាន​ដាក់​ពាក្យ​ប្ដឹង​កញ្ញា ធី សុវណ្ណថា ពី​បទ​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ​ ៥០០ លាន​រៀល ប៉ុន្ដែ​កញ្ញា ធី សុវណ្ណថា អះអាង​ថា ខ្លួន​មិន​ចាប់​អារម្មណ៍។
លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ (Willian Guang) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការ​ប្ដឹង​នេះ​ដោយសារ​កញ្ញា ធី សុវណ្ណថា បាន​សរសេរ​ពាក្យ​លើ​ហ្វេសប៊ុក​មួល​បង្កាច់​ បង្ខូច​កេរ្ដិ៍​ឈ្មោះ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ក្នុង​ន័យ​នយោបាយ​ និង​បំពាន​សិទ្ធិ​ឯកជន។
 លោក​បន្ត​ថា​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​អ្នក​ទទួល​បណ្ដឹង​ថា​នឹង​ចាត់ចែង​តាម​នីតិ​វិធី​ច្បាប់។
 លោក​ថា៖ «ខ្ញុំ​បាទ​ស្នើ​សូម​តុលាការ​ដែល​ឯករាជ្យ​ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មេត្តា​ជួយ​រក​យុត្តិធម៌​ផ្ដល់​ដល់​រូប​ខ្ញុំ​បាទ​ក្នុង​ភាព​ជា​ជនរងគ្រោះ​ម្នាក់​…ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​ដោយ​ជន​មាន​អំណាច»​។
 យ៉ាង​ណា​ក្ដី​កញ្ញា ធី សុវណ្ណថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​ជា​ប្រធាន​គណៈកម្មការ​យុវជន​សាខា​បក្ស​នៃ​គណបក្ស​ប្រជាជន​បាន​ប្រាប់​ពី​ម្សិលមិញ​ថា កញ្ញា មិន​ចាប់​អារម្មណ៍​នឹង​រឿង​នេះ​ទេ​ព្រោះ​មុន​ពេល​នាង​សរសេរ​អ្វី ឬ​ធ្វើ​អ្វី​នោះ​មាន​ភ័ស្ដុតាង​ត្រឹមត្រូវ និង​គិត​ច្បាស់​លាស់​ហើយ​ថា Willian Guang ក៏​ត្រូវ​រង​បណ្ដឹង​ពី​នាង​ជាច្រើន​ដែរ។
 កញ្ញា​បន្ត​ថា William Guang គួរ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ឌឺដង ប្រើ​រូប និង​ឈ្មោះ​នាង​ក្នុង​ន័យ​បរិហារកេរ្តិ៍​តទៅ​ទៀត​ព្រោះ​នាង​មិន​ធ្វើ​នយោបាយ​បែប​លាក់​ឈ្មោះ​លាក់​ប្រវត្តិ​ទេ។
 លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​លោក លី សុផាណា ព្រះរាជអាជ្ញារង​ពី​ម្សិលមិញ​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ ព្រោះ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល​។
 តាម​ខ្លឹមសារ​របស់ កញ្ញា ធី សុវណ្ណថា បាន​សរសេរ​លើ​ហ្វេសប៊ុក​ពី​ថ្ងៃ ៣០ ​មករា​ឲ្យ «លោក គីវណ្ណា (William Guang) បញ្ឈប់​ជា​បន្ទាន់​ការ​ឌឺដង ប្រើ​រូប និង​ឈ្មោះ​នាង​ខ្ញុំ​បរិហារកេរ្តិ៍។ ខ្ញុំ​មិន​ធ្វើ​នយោបាយ​បែប​លាក់​ឈ្មោះ​ លាក់​ប្រវត្តិ​រង​ពាក្យ​បណ្តឹង​បោក​ប្រាស់​លុយ​គេ ជាច្រើន​នាក់​ និង​តែងតែ “​រើ​ផ្ទះ” ស្ទើរ​រាល់​ខែ​ដូច​លោក​ទេ…»។
 ចំណែក​ក្នុង​ពាក្យ​បណ្ដឹង​លោក សុខសុវណ្ណវឌ្ឍនាសារពង្ស ប្ដឹង​ពី​បទ​បិរហារកេរ្តិ៍​តាម​មាត្រា ៣០៥ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​មាត្រា​ ៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ​ និង​ថា​សំណង​នឹង​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ប្រើ​ជា​ប្រយោជន៍​សាធារណៈ»៕
ប្រភព៖Phnom Penh Post

Comments

Popular Posts

សែនក្តុកក្តួល​​​រំជួល​​ចិត្ត​​ ហើយហូរ​ទឹកភ្នែក​ដោយមិន​ដឹងខ្លួន ពេល​បាន​អានលិខិតលាចុងក្រោយ របស់​នាយក​សាខា​សាលា​​អន្តរជាតិ​វេស្ទើន មុនធ្វើ​អត្តឃាត