លោក ហ៊ុន សែន ថាកំណើនប្រជាជន និងការជំរុញរបស់បក្សប្រឆាំង ធ្វើឲ្យបាត់បង់ព្រៃឈើ
ព្រះសីហនុ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា ការបាត់បង់ព្រៃឈើជាបន្តបន្ទាប់នាពេលកន្លងមកនេះ គឺដោយសារតែកំណើនឥតឈប់ឈរនៃប្រជាជនដែលតម្រូវឲ្យមានការកាប់រុករានយកដីព្រៃធ្វើកសិកម្ម និងជាការជំរុញរបស់អតីតបក្សប្រឆាំង។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះបានកើតឡើង ខណៈដែលមានការរិះគន់តាំងតែពីយូរមកហើយថា បទល្មើសព្រៃឈើបានកើតឡើងជាប្រព័ន្ធដោយមានជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាចមួយចំនួន។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១៤០០០ នាក់មកពីរោងចក្រ សហគ្រាសចំនួន ១៤ ក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៨ លោក ហ៊ុន សែន បានលើកឡើងពីកំណើនប្រជាពលរដ្ឋតាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម មកដល់បច្ចុប្បន្នកើនដល់ជាង ១៦ លាននាក់។
ដោយលើកឡើងពីដីតំបន់ទឹកធ្លាក់ក្បាលឆាយក្នុងក្រុងព្រះសីហនុដែលពលរដ្ឋរាប់រយគ្រួសារត្រូវបានគេបណ្ដេញចេញនាប៉ុន្មានឆ្នាំចុងក្រោយ ដោយការចោទថាបានតាំងលំនៅដោយខុសច្បាប់លើដីរបស់រដ្ឋ លោក ហ៊ុន សែន ថ្លែងថា៖ «ប្រជាជនកើនឡើងឲ្យទៅរកឯណា ឥឡូវនេះ! កាលពីឆ្នាំ ១៩៧៩ និងរហូតមកដល់ឆ្នាំ ១៩៨៧ និង ១៩៨៨ ពេលនោះឲ្យប្រជាជនទៅរកដីថ្មី ត្រូវឲ្យលុយគាត់ជាមួយទើបទៅស្ដារដីបាន ប៉ុន្តែក្រោយមកក្រោយសង្គ្រាម កាប់យកខ្លួនឯងតែម្ដង។ គ្រាន់តែនៅកំពង់សោមនេះ ក្បាលឆាយនេះខ្ទេចខ្ទីអស់ មិនចេះតិចទេ។ ក្បាលឆាយ អ្នកណាទៅកាប់អាហ្នឹង ជួនកាលអាបក្សប្រឆាំងគឺរុញមនុស្សទៅកាប់តែម្ដង ហើយគេកាប់យកទៅធ្វើអី!»។
លោកបន្ថែមថា៖ «ខ្លះកាប់យកធ្វើស្រែ ធ្វើចម្ការ មនុស្សវាកើតឡើង វាត្រូវការដី អ៊ីចឹងយើងក៏មានកម្មវិធីប្រើប្រាស់ដីធ្លីសម្រាប់ចែកជូនឲ្យប្រជាជនយើង។ ប៉ុន្តែអ្នកខ្លះមានមុខរហូតមកខេត្តថាមានដីសង្គមកិច្ចនៅកំពង់សោម នៅខេត្តព្រះសីហនុ មានមកនឹងគេដែរ ដល់ទៅចែកនៅពោធិ៍សាត់ មានឈ្មោះនៅទីនោះនឹងគេដែរ។ ចែកហើយលក់ លក់ហើយដើររកដី ហើយតាំងខ្លួនជាអ្នកខ្វះដី ហើយច្រើនតែចេញពីក្រុមដដែលហ្នឹង គឺពួកប្រឆាំង»។
លោកថា អ្នកដែលរិះគន់ថា អស់ព្រៃគឺជាអ្នកដែលទៅរុករានដីព្រៃរបស់រដ្ឋ មកធ្វើកសិកម្មទៅវិញទេ។
លោកបញ្ជាក់ថា៖ «ឯគេអ្នករកស៊ីមានបានគត់មត់ គេអត់អាណាថាទេ។ ខ្លួនឯងខ្លះថាគេយកដីខ្លួន ឆ្លើយឲ្យច្បាស់អាពាក្យថា គេយកដីខ្លួន ខ្លួនឯងទៅយកដីរដ្ឋ រដ្ឋយកដីត្រឡប់មកវិញ ដីខ្លួនហ្នឹងជាដីអ្នកណា អាហ្នឹងគឺដីរដ្ឋ ហើយជួនកាលហ្នឹង អ្នកហ្នឹងឯងថាអស់ព្រៃឈើ ចុះលោកឯងហ្នឹងទៅយកដីព្រៃដើម្បីធ្វើស្រែ ម៉េចមកនិយាយអ៊ីចឹង! ម្នាក់ពីរនាក់ប្រមូលផ្ដុំគ្នាទៅកាន់តែច្រើនទៅៗ អស់ដីមិនតិច ឥឡូវជិត ១៦ លាននាក់ មិនមែនតិចទេ ប៉ុន្តែក្រុមប្រឆាំង វាតែអ៊ីចឹង ប៉ុន្តែអ៊ីចឹងហើយបានជាវាអ៊ីចឹង អ៊ឹចឹងហើយបានជាមានអាអ្នកជាប់គុក អ៊ីចឹងហើយបានជាមានអាអ្នករត់ចោលស្រុក»។
ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សប្រឆាំងបានច្រានចោលការចោទប្រកាន់នេះដោយថ្លែងថាជា «ការមិនត្រឹមត្រូវទេ»។
លោកថា៖ «ការបាត់បង់ព្រៃឈើនេះមានការចូលរួមមិនមែនបក្សណាទេ តែប្រជាពលរដ្ឋខ្មែរ ជាពិសេសពួកអ្នកមានអំណាច ឈ្មួញដែលមានអំណាចបានចូលរួម កាប់បំផ្លាញព្រៃឈើហ្នឹង ដែលបានផ្ដល់ប្រយោជន៍ដល់បុគ្គលដល់ក្រុមហ្នឹង...»។
លោកបន្តថា៖ «អតីតគណបក្សប្រឆាំងលោកប្រឹងប្រែងការពារព្រៃឈើហ្នឹងខ្លាំងណាស់ ខំស្រែក ខំរិះគន់ ខំរកឲ្យសមត្ថកិច្ចជួយអំពីការការពារព្រៃឈើ ហើយមកដល់ខែនេះយើងឃើញមានការកាប់បំផ្លាញកាន់តែធ្ងន់ធ្ងរ ទោះបីអត់មានគណបក្សប្រឆាំងទៅហើយក៏ឃើញតែនៅកាប់កាន់តែខ្លាំង»។
លោកបានបន្ថែមថា៖ «ការដែលកាប់នេះខ្ញុំឃើញពួកឈ្មួញជាពិសេសមានឧកញ៉ា ដែលជាអ្នកមានអំណាចដែលទទួលបានផលប្រយោជន៍ច្រើន ហើយអ្នកដែលកាប់ឈើធ្វើផ្ទះតិចតួច ខ្ញុំហាក់ដូចជាមិនសូវមានឃើញទេព្រោះខ្មែរបច្ចុប្បន្ននេះ សឹងលែងហ៊ាន ប៉ះព្រៃឈើហើយ។ ...ជាទូទៅផលប្រយោជន៍នេះបានទៅលើឈ្មួញដែលខុសច្បាប់ ហើយនឹងឈ្មួញស្របច្បាប់ខ្លះក៏អាចទទួលផលពីហ្នឹងដែរ»។
មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថានមួយចំនួនក៏មិនយល់ស្របទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះដែរ ដោយថ្លែងថាបទល្មើសព្រៃឈើដែលបានកើតឡើងជាប្រព័ន្ធអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គឺមានជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាចមួយចំនួន។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់ផ្នែកពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងថា៖ «ស្ថាប័ននីតិប្រតិបត្តិតែម្ដង ដែលលោកមានកាតព្វកិច្ចក្នុងកិច្ចការពារ និងអនុវត្តច្បាប់ ទោះបីចោទប្រកាន់ទៅលើគណបក្សប្រឆាំង ឬក៏ប្រជាពលរដ្ឋយ៉ាងម៉េចក៏ដោយ ក៏ប៉ុន្តែជាប្រវត្តិសាស្ត្រគឺតែងតែដាក់បន្ទុកលើអ្នកអនុវត្តច្បាប់គឺស្ថាប័ននីតិប្រតិបត្តិតែម្ដង។ យើងឃើញថា វាគ្មានតម្លាភាពក្នុងការបែងចែកដី។ អត់តម្លាភាពយ៉ាងម៉េចគឺមានឧកញ៉ា មន្ត្រីជាន់ខ្ពស់ដែលម្នាក់ៗមានដីរាប់ពាន់ហិកតា ដែលទៅបំពានលើដីរដ្ឋហើយអ្នកទាំងនោះមិនត្រូវបានផ្ដន្ទាទោសទេ អ្វីដែលយើងមើលឃើញគឺគាត់មានទំនោរទៅរកបក្សកាន់អំណាច...ពេលលោកធ្វើគឺគ្មានទោស យកដី ពេលខ្លះគេចេញកម្មសិទ្ធិឲ្យទៀត»។
លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថាតាមការតាមដានរបស់លោកនៅពេលដែលមានច្បាប់ព្រៃឈើ ច្បាប់ភូមិបាលចេញមកប្រជាពលរដ្ឋទូទៅលោកគោរពណាស់ក៏ប៉ុន្តែ «មានមន្ត្រីជាន់ខ្ពស់មានឧកញ៉ាចូលទៅកាប់ឈើ កាប់ព្រៃ ទន្ទ្រានយកដីហ្នឹង រាប់ពាន់ហិកតា ទោះបីជាប្រជាពលរដ្ឋតវ៉ា ប្ដឹងទៅតុលាការជារូបភាពបាតុកម្មយ៉ាងម៉េចក៏ដោយ ដំណោះស្រាយគឺគ្មានទេ»។
លោក សន ជ័យ នាយកអង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថាពូថៅរបស់ប្រជាពលរដ្ឋមិនអាចទៅកាប់ព្រៃឈើដែលមានដើមឈើធំៗឲ្យវិនាសបាននោះទេ។
លោកបញ្ជាក់ថា៖ «ស្តាប់មួយភ្លែត ខ្ញុំស្មានតែលោកនាយករដ្ឋមន្ត្រីនិយាយរឿងកំប្លែងទាក់ទងទៅនឹងការគ្រប់គ្រងធនធានធម្មជាតិព្រៃឈើ។ ខ្ញុំយល់ថាអាជ្ញាធរបរាជ័យក្នុងការការពារព្រៃឈើជាជាងការទម្លាក់កំហុសទៅអ្នកដទៃ។ ពូថៅរបស់ប្រជាពលរដ្ឋមិនអាចធ្វើឲ្យព្រៃឈើធំៗ បាត់បង់ និងហិនហោចបាននោះទេ»។
លោកថ្លែងទៀតថា ប្រសិនបើរដ្ឋាភិបាលចង់ទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពមែននោះគឺរដ្ឋាភិបាលត្រូវ «នាំយកអ្នកបំផ្លាញព្រៃឈើមកផ្តន្ទាទោស និងត្រូវលុបបំបាត់ ការកាប់បំផ្លាញព្រៃឈើក្រោមរូបភាពដីសម្បទាន និងការកាងជំនួញឈើដោយក្រុមអ្នកមានអំណាច»។
លោក សេង សុហេង សកម្មជនបរិស្ថានដែលសកម្មក្នុងការដើរល្បាតការពារព្រៃឡង់បានថ្លែងកាលពីម្សិលមិញថា លោកមិនឃើញមានរូបភាពនៃការកាប់បំផ្លាញព្រៃឈើដែលមានជាប់ពាក់ព័ន្ធនឹងអតីតគណបក្សប្រឆាំងអ្វីនោះទេតែមនុស្សដែលស្និទ្ធនឹងគណបក្សកាន់អំណាចទៅវិញទេ ដែលជាប់ពាក់ព័ន្ធក្នុងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា មនុស្សដែលនៅពីក្រោយការកាប់បំផ្លាញព្រៃឈើគឺជាមន្ត្រីគណបក្សប្រជាជន» ដែលជារឿយៗមានងារជាឧកញ៉ា ឬក្រុមហ៊ុន «ដែលជិតស្និទ្ធនឹងគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន» ឬក៏ជាមន្ត្រីរដ្ឋាភិបាល មន្ត្រី យោធា និងមន្ត្រីនគរបាលជាដើម។
លោក សុហេង បានអះអាងទៀតថា៖ «ពួកគេទទួលបានការគាំទ្រពីរដ្ឋាភិបាល»។ លោកបញ្ជាក់ថាបច្ចុប្បន្នការកាប់បំផ្លាញព្រៃឈើបានកើតឡើងជារៀងរាល់ថ្ងៃដោយ «គ្មាននរណាអាចទប់ស្កាត់វាបានឡើយ»៕៚
(ប្រភពៈ ភ្នំពេញប៉ុស្តិ៍)
(ប្រភពៈ ភ្នំពេញប៉ុស្តិ៍)
Comments
Post a Comment