១៨មីនា រដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ
-ខែធ្នូ ឆ្នាំ១៩៦៩ ជាងបីខែមុនរដ្ឋប្រហារមកដល់.....
នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៩៦៩ ខុទ្ទការល័យព្រះប្រមុខរដ្ឋសម្តេចសីហនុ ចេញសេចក្តីប្រកាសឲ្យសាធារណៈជនបានដឹងពីការយាងចេញទៅប្រទេសបារាំងរបស់ទ្រង់ដើម្បីព្យាបាលព្រះរោគ។ នៅថ្ងៃទី៦ ឆ្នាំ ១៩៧០ ខែមករាទើបសម្តេចយាងចេញពីមន្ទីរពេទ្យកាល់ម៉ែតដោយព្រះអង្គមានគម្រោងចាកចេញជាច្រើនលើកច្រើនសាររួចទៅហើយ។ ទ្រង់យាងចេញដោយមានក្បួនហែរហមឆ្ពោះទៅកាន់ព្រះបរមរាជវាំងហើយ ទើបបន្តដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុងតែម្តង។ គេមិនឃើញមាន ភ្លេងប្រគុំជាកិត្តិយសដើម្បីអោយស័ក្តិសមកិត្តិយស និងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋទេនាថ្ងៃព្រះអង្គចាកចេញនោះ រហូតដល់មានអ្នកខ្លះអះអាងថា ទ្រង់យាងចេញពីមាតុភូមិបែបនេះមិនខុសពីការភៀសព្រះកាយឡើយ។ ព្រះរាជ្យអវត្តមានរបស់សម្តេចនេះហាក់ដូចជាការបើកផ្លូវទុកឲ្យបណ្តាអ្នកនយោបាយក្នុងស្រុកដណ្តើមអំណាចដូច្នេះដែរ។
តាមពិតទៅពេលសម្តេច សីហនុយាងចេញទៅ ទ្រង់បានបង្កើតរដ្ឋាភិបាលថ្មីមួយរួចទៅហើយដែលរដ្ឋាភិបាលនោះមានឧត្តមសេនីយ៍ លន់ នល់ នាយករដ្ឋមន្ត្រី ហើយទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ជាឧបនាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលកាលនោះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ ដោយគេរំពឹងថាវានឹងជួយស្រោចស្រង់ដែនដីកម្ពុជា ទើបបានជាគេដាក់ឈ្មោះថា «រដ្ឋាភិបាលស្រោចស្រង់ជាតិ»។ ទោះបីសង្គ្រោះជាតិមិនបានក៏ដោយ រដ្ឋាភិបាលថ្មីនេះ បានស្តារចំណងការទូតជាមួយអាមេរិកឡើងវិញបាន រហូតត្រួសត្រាយផ្លូវដល់ការទម្លាក់គ្រាប់បែកលើកងទ័ពវៀតណាមផង។
ប៉ុន្តែយ៉ាងណាមិញ រដ្ឋាភិបាលរបស់លោក លន់ នល់ ដឹកនាំដោយទ្រង់ សិរីមត: ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា សកម្មភាពឈ្លានពានរបស់កងទ័ពវៀតណាមខាងជើង ការប្រយុទ្ធប្រឆាំងនឹងបណ្តាញ ដឹកស្បៀងនិងអាវុធរបស់ចិនទៅអោយវៀតណាមខាងត្បូង បញ្ហាវិបត្តិនយោបាយ និងសេដ្ឋកិច្ចផងដែរ។
ដោយសារបញ្ហាសេដ្ឋកិច្ច សង្គម និងការឈ្លានពានរបស់វៀតណាមខាងជើងនិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ប្រជាជនកម្ពុជាចាប់ផ្តើមបាតុកម្មប្រឆាំងអាជ្ញាធរនិងទាមទារឲ្យមានការបណ្តេញក្រុមកងទ័ពវៀតណាម។
-ខែមីនាឆ្នាំ១៩៧០ ចលនាបាតុកម្មប្រឆាំងវៀតណាមផុសផុលឡើង.......
មានព្រឹត្តិការណ៍បាតុកម្មធំមួយកើតឡើងនៅខេត្តស្វាយរៀង ហើយបាតុកម្មនេះធ្វើឡើងដើម្បីប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាមខាងជើងនិងវៀតកុង ដែលបោះទីតាំងលើទឹកដីខ្មែរ។ ដល់ថ្ងៃទី១១ ខែមីនា បាតុកម្មមួយយ៉ាងធំទៀតត្រូវបានគេរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅតាមគ្រឹះស្ថានសិក្សានានា។ ក្រុមបាតុករទំនងជាពលរដ្ឋសាមញ្ញនិងក្រុមនិស្សិតផង មានកាន់បដា និងពាក្យស្លោក ប្រឆាំង វៀតណាមខាងជើង និង វៀតកុងផង។ ក្បួនបាតុកម្មរបស់និស្សិតរាប់ពាន់នាក់លាយឡំប្រជាជនដើរបានដើតតម្រង់ទៅកាន់រដ្ឋសភាជាតិ ដោយពួកគេស្រែកតាមចង្វាក់ភាសាខ្មែរ បារាំង និងអងគ្លេសថា «បរាជ័យពួកវៀតកុង វៀតណាមខាងជើង», «វៀតកុងត្រូវត្រលប់ទៅប្រទេសឯងវិញទៅ»,«កម្ពុជាពុំមែនជាទឹកដីរបស់វៀតមិញទេ!» ។ នៅថ្ងៃដដែល ពួកបាតុករបានសម្តៅទៅរកស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងស្ថានទូតរបស់រាជរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នវៀតណាមខាងត្បូងដែរ ហើយរឿងគួរឲ្យរន្ធត់គឺក្រុមបាតុករវាយបំផ្លិចបំផ្លាញស្ថានទូតទាំងពីរ។
ព្រលឹមស្រាងៗ ថ្ងៃទី១៦ខែមីនា បាតុកម្មដ៏ធំសម្បើមមួយទៀតត្រូវបានគេរៀបចំឡើងនៅពីមុខរដ្ឋសភាជាតិ ដោយចលនាបាតុកម្មនេះបានស្នើសុំអោយអង្គការកំពូលនីតិបញ្ញត្តិនេះចោទប្រកាន់ ឥស្សរជនស៊ីវិលនិងយោធាមួយចំនួនដែលសមគំនិតជាមួយពួកកុម្មុយនីស្តវៀតណាម។
ឈានដល់មួយថ្ងៃមុនរដ្ឋប្រហារ ស្ថានភាពដែលធ្លាប់វឹកវរនោះស្រាប់តែបានស្ងប់ស្ងាត់ដូចជាធម្មតា ហាក់ចម្លែកជាងសព្វមួយដង។ នាពេលរាត្រី គេឃើញមមានកងទ័ពល្បាតដោយមានរថក្រោះ រថពាសដែកនៅតាមដងផ្លូវសំខាន់ៗមួយចំនួនផងនាទីក្រុងភ្នំពេញ។ តែគ្មានអ្នកណាម្នាក់ទាយដឹងថា កម្ពុជាត្រៀមខ្លួនគាស់រំលើងរបបរាជានិយម ចាប់យករបបសាធារណរដ្ឋដោយមានអាមេរិកជាខ្នងបង្អែកឡើយ។
-១៨មីនា អវសាន្តនៃរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
ទីបំផុតថ្ងៃពុធ ទី១៨ ខែមីនា បានមកដល់។ ម៉ោង៩ព្រឹក សមាជិកសភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្រ (សម័យនោះ) ស្រាប់តែជួបប្រជុំគ្នា ស្របពេលស្ថានភាពជារួមនៅខាងក្រៅមានភាពស្ងប់ស្ងាត់ជាធម្មតា។ ថ្វីបើនៅមុខសភាជិតបរមរាជវាំស្ងប់ស្ងាត់មែន បើក្រឡេកមើលទៅបរិវេណវត្តបទុមវត្តី និង សាលសន្និសីទចតុមុខ នៅនៅមិនឆ្ងាយពីគ្នាប៉ុណ្ណោះ មានការដាក់ពង្រាយកងទ័ពអោយឈរជើងចំនួន ២ទៅ៣កងដែរ។ វាចម្លែកត្រង់ថា ក្រុមប៉ូលិស តម្រួត លម្អរក្រុងនោះស្រាប់តែបាត់មុខទាំងស្រុងពីភ្នំពេញ។
នៅម៉ោងប្រហែល ១៖ ៣០នាទី សភាទាំងពីរបានសម្រេចបោះឆ្នោតធ្វើការដកមុខតំណែងពីសម្តេច សីហនុ ក្នុងឋានៈជាព្រះប្រមុខរដ្ឋជាឯកច្ឆ័ន្ទ ខណៈដែលសម្តេចកំពុងស្ថិតនៅឯបរទេសនៅឡើយ។
ក្រោយទម្លាក់សម្តេច សីហនុ តាមច្បាប់ហើយឧត្តមសេនីយ៍ លន់ នល់ ប្រកាសបង្កើតសាធារណរដ្ឋខ្មែរ មាននិន្ននាការងាកទៅរករបបដឹកនាំក្រុងវ៉ាស៊ីនតោន ហើយការផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធនេះធ្វើឲ្យកម្ពុជារងទុក្ខវេទនាកាន់តែខ្លាំងព្រោះគ្រាប់បែកអាមេរិក។ ៥ឆ្នាំក្រោយមក ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ របបដឹកនាំស៊ីរូងដោយអំពើពុករលួយនិងបក្សពួកនិយម ដោយទទួលបានជំនួយគ្រប់យ៉ាងពីអាមេរិក បានដួលរលំខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្តប៉ុលពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ៕
ឯកសារពិគ្រោះ៖
ប្រវត្តិសាស្ត្រកម្ពុជា លោក វ៉ាន់ឌីកាអ៊ុន
រដ្ឋប្រហារលោកសេនាប្រមុខ លន់ នល់ ដោយ លោក ឆាំង សុង
ប្រវត្តិសាស្ត្រកម្ពុជា David Chandler
(ប្រភពដកស្រង់ពី ថ្មីៗ)
Comments
Post a Comment