គ.ជ.ប ស្នើឲ្យក្រសួងមហាផ្ទៃឲ្យចាត់វិធានការបុគ្គលណាប្រាប់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនៅថ្ងៃទី១៧ឧសភានេះថា ខ្លួនបានស្នើទៅក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការលើបុគ្គលណា ដែលប្រាប់ពលរដ្ឋមិនឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ ការស្នើរបស់ គ.ជ.ប ទៅក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងស្របពេលដែលលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវម្ដងហើយម្ដងទៀតពីក្រៅប្រទេស មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។
ការប្រើប្រាស់វិធានការណ៍ច្បាប់ចំពោះបុគ្គលណា ដែលប្រាប់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតធ្វើឡើងដោយផ្អែកតាម មាត្រា៤១នៃរដ្ឋធម្មនុញ្ញ។ ខ្លឹមសារនៃមាត្រានេះបញ្ញត្តិថា ការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិកាក្នុងការបោះឆ្នោត តាមរយៈចេតនាជំរុញឲ្យមានការចែកខិតប័ណ្ណ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ។ នេះបើតាមលោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគ.ជ.ប។
មួយផ្នែកនៃវិធានការណ៍នេះ បើតាម លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប បានគូសបញ្ជាក់ថា ធ្វើឡើងផ្អែកតាមច្បាប់ស្ដីពីគណបក្សនយោបាយដែរ។ ទោះជា លោកទេព នីថា មិនបានបញ្ជាក់ឲ្យបានលម្អិតទេថា វិធានការណ៍នេះអនុវត្តចំពោះបុគ្គលណា ប៉ុន្តែគេអាចសន្មត់បានថា វិធានការណ៍នេះសំដៅទៅលើលោកសម រង្ស៊ី ដែលធ្លាប់លើកឡើងថា ថ្ងៃបោះឆ្នោតនោះដេកនៅផ្ទះដើម្បីគាំទ្រអតីតគណបក្ស សង្រ្គោះជាតិក្នុងចិត្ត។
គួរកត់សម្គាល់ថា ចំណាត់ការ គ.ជ.ប ដែលចាត់វិធានការណ៍ចំពោះបុគ្គលណាអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតធ្វើឡើងស្របពេល អ្នកគាំទ្រគណបក្សកាន់អំណាច បានចាប់ផ្តើមធ្វើយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានគៀងគរឲ្យប្រជាពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ បើទោះបីជាគ្មានគណបក្សប្រឆាំងក៏ដោយ។ យុទ្ធនាការនេះ បានធ្វើឡើងក្រោមរូបភាព ការផ្លាស់ប្តូរ Profile) រូបថតរបស់ខ្លួនម្នាក់ៗ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។
ដោយឡែកចំពោះការប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោតពីសំណាក់អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល (Comfrel) និងអង្គការនិចហ្វិច លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានព្រមានថា អង្គការទាំងពីរមិនអាចចេញសេចក្ដីថ្លែងការណ៍ពីដំណើរការបោះឆ្នោតនៅថ្ងៃខាងមុខបានឡើយ។ ទោះបីជាអង្គការទាំងពីរមិនបានចូលរួមសង្កេតការណ៍បោះឆ្នោតយ៉ាងណាក៏ដោយ គ.ជ.ប បានបង្ហាញជាបឋមថា មានអ្នកសង្កេតការណ៍ក្នុងស្រុកជាង២ពាន់នាក់ហើយ ក្នុងនោះមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និង មានជាបន្តបន្ទាប់រួមទាំងមន្ត្រីស្ថាប័ននានាផងដែរ ក្នុងនោះមានទូតភូមា ដែលពេលនេះបានស្នើសុំចូលរួមសង្កេតការណ៍ចំនួន៣នាក់ហើយ៕ RFI
Comments
Post a Comment