អាមេរិកព្រមានដាក់ទ័ណ្ឌកម្មឥណ្ឌា បើឥណ្ឌាហ៊ានទិញគ្រឿងសព្វាវុធថ្មីពីរុស្ស៊ី
នៅអាមេរិក អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ក្នុងក្រសួងការពារជាតិបានព្រមាននាថ្ងៃពុធ ទី២៩ សីហាថា គ្មានការធានាណាមួយដែលឥណ្ឌាគេចផុតពីទ័ណ្ឌកម្មអាមេរិកាំងទេ ប្រសិនបើទីក្រុងញូដែលីហ៊ានទិញគ្រឿងសព្វាវុធថ្មីពីប្រទេសរុស្ស៊ីនោះ។ ការព្រមាននេះបានធ្វើឡើង ចំពេលដែលរដ្ឋាបលអាមេរិកកំពុងបារម្ភពីកិច្ចចរចាដែលកំពុងធ្វើរវាងឥណ្ឌា និងរុស្ស៊ីសម្រាប់ការទិញប្រព័ន្ធការពារប្រឆាំងយន្តហោះ S-៤០០។
គឺច្បាប់អនុម័តដោយសភាអាមេរិកក្នុងឆ្នាំ ២០១៧ ដែលទីក្រុងវ៉ាស៊ីនតោនលើកយកទៅសំអាង និងព្រមានដាក់ទ័ណ្ឌកម្មលើឥណ្ឌា បើឥណ្ឌាហ៊ានទិញគ្រឿងសព្វាវុធថ្មីពីប្រទេសរុស្ស៊ី។ គួររម្លឹកជូនថា ច្បាប់ឆ្នាំ ២០១៧ ដែលទទួលបានការគាំទ្រពីក្រុមអ្នកសាធារណរដ្ឋ និងក្រុមអ្នកប្រជាធិបតេយ្យមានគោលដៅផ្តន្ទាទោសលើរុស្ស៊ីពីបទគាំទ្រចលនាទាមទារផ្តាច់ទឹកដីក្នុងប្រទេសអ៊ុយក្រែន និងការលូកដៃនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។ ច្បាប់មួយនេះបានចែងពីការដាក់ទ័ណ្ឌកម្មលើអង្គភាព ស្ថាប័ន ឬប្រទេសណាដែលចុះកុងត្រាអាវុធជាមួយក្រុមហ៊ុន រោងចក្ររុស្ស៊ី។
តែទន្ទឹមគ្នានេះ និងដោយមានការស្នើសុំរបស់ក្រសួងការពារជាតិអាមេរិក ច្បាប់ដដែលនេះក៏បានអនុញ្ញាតឱ្យមានការលើកលែងចំពោះទណ្ឌកម្មដើម្បីកុំឱ្យប្រទេសខ្លះងាកទៅរករុស្ស៊ីទាំងស្រុង។ អ្វីដែលប្រមុខការពារជាតិអាមេរិកលោក Jim Mattis ចង់បាន គឺការអាចផ្តើមលក់គ្រឿងអាវុធអាមេរិចទៅឲ្យឥណ្ឌាដែលជាប្រទេសនាំអាវុធចូលច្រើនជាងគេក្នុងលោក និងជាប្រទេសគូប្រជែងនឹងកំណើនឥទ្ធិពលចិននៅក្នុងក្នុងតំបន់អាស៊ី។ ចំណែកលោកអនុរដ្ឋមន្រ្តីការពារជាតិអាមេរិក Randall Schriver បានបញ្ជាក់ពីក្តីបារម្ភដែលខ្លាចឥណ្ឌាបន្តព្យាយាមចង់បំពាក់ប្រព័ន្ធការពារប្រឆាំងយន្តហោះប្រភេទ S៤០០ របស់រុស្ស៊ី។
ចំណាប់អាម្មរណ៍របស់លោក Randall Schriver បានធ្វើឡើង មុនកិច្ចប្រជុំជាប្រវត្តិសាស្រ្តនៅសប្តាហ៍ក្រោយក្នុងទីក្រុងញូដែលីរវាងប្រមុខការពារជាតិ ប្រមុខការបរទេសអាមេរិកជាមួយនឹងសមភាគីឥណ្ឌា។ ក៏ដូចជាលោក Mattis ដែរ លោក Schriver ចង់ឃើញអាមេរិកជាដៃគូឥណ្ឌាខាងការផ្គត់ផ្គង់គ្រឿងសព្វាវុធ៕
ដកស្រង់ប្រភពពី»» Rfi
Comments
Post a Comment